Saturday, August 21, 2010

អត្ថប្រយោជន៏ពី​ការ​សិក្សា​ជា​ក្រុម ឬ​ជា​ដៃគូ

មាតិកា
១.សេចក្តីផ្តើម
២.ការវិវឌ្ឍន៏ពីគ្រូមជ្ឈមណ្ឌលទៅជាសិស្សមជ្ឈមណ្ឌលនៅកម្ពុជា

៣.ការគ្រប់គ្រងថ្នាក់
៣​.១.សិក្សាអំពីសិស្សខ្សោយ និងសិស្សមិនចង់រៀន
៣.២.ការ​កំណត់​លំហាត់ ឬ​សំណួរ
៣.៣.ការ​លើក​ទឹក​ចិត្ត

៤. វិធីជំរុញអោយសិស្សធ្វើជាដៃគូរ
៤.១.មុន​ពេលអោយ​សិស្ស​ធ្វើ​ជា​ដៃ​គូ
៤.២.ក្នុងពេល​សិស្សកំពុង​ធ្វើ​ដៃគូ
៤.៣.ក្រោយ​ពេល​សិស្ស​ធ្វើ​ជា​ដៃ​គូ
៥. វិធីជំរុញអោយសិស្សពិភាក្សាជាក្រុម
៥.១.មុនពេលអោយសិស្សពិភាក្សាជាក្រុម
៥.២.ក្នុងពេលសិស្សកំពុងពិភាក្សាជាក្រុម
៥.៣.ក្រោយពេលសិស្សពិភាក្សាជាក្រុម


១. សេចក្តីផ្តើមៈ
ការ​វិវឌ្ឍន៏​នៃ​បច្ចេក​ទេស​អំពី​វិធី​សាស្ត្រ​បង្រៀន​ភាសា​អង់គ្លេសពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គឺ​មាន​ការ​ផ្លាស់​ប្តូរ​ឥត​ឈប់​ឈរ ម្យ៉ាង​វិញ​ទៀត​ដោយ​សារ​តែ​ភា​សានេះ​ជា​ភាសា​អង់គ្លេស​ត្រូវ​បាន​ប្រើប្រាស់ជា​សាកល ដើម្បី​បំរើ​ដល់​ការ​ចាំ​បាច់​ក្នុង​ការ​ទំនាក់​ទំនង​ប្រចាំ​ថ្ងៃ​របស់​ពួក​គេនោះ ភាសា​អង់គ្លេស​ក៏​មាន​ការ​អភិវឌ្ឍន៏​កាន់​តែ​ឆាប់​រហ័ស ដូច​ជា​ពាក្យថ្មីៗ ការកែសំរួល​ផ្នែក​វេយ្យាករណ៏​អោយ​បាន​សុក្រិត្យឥត​ឈប់​ឈរ។

ការ​​សិក្សា​ជា​ក្រុម ឬ​ជា​ដៃគូក៏​ជា​ផ្នែក​មួយ​ដែល​បាន​ផ្លាស់​ប្តូរក្នុង​ចំណោម​ផ្នែក​ដទៃ​ទៀត​ក្នុង​ការ​បណ្តុះ​បណ្តាល​​អក្សរ​សាស្រ្ត​អង់​គ្លេស​ផង​ដែរ។ កាល​ពី​មុន​ទស្សវត្សន៏​ទី៩០ ការ​បង្រៀន​ជា​ផ្នែក​ខេមរភាសា ឬ​ភាសា​អង់គ្លេស​ក្តី ចំពោះ​ការ​បណ្តុះ​បណ្តាល​ក្នុង​ប្រទេស​កម្ពុជា ​គែ​តែង​ប្រើ​ប្រាស់​តាម​វិធី​បង្រៀន​បែប​គ្រូ​មជ្ឈមណ្ឌល គឺ​គ្រូ​ជា​អ្នកពន្យល់ ឬ​ធ្វើ​បទឧទ្ទេស រីឯ​​សិស្ស ឬ​និស្សិត​ជា​អ្នក​អង្គុយ​ស្តាប់ការ​ពន្យល់​របស់​គ្រូ ឬ​សាស្ត្រាចារ្យ ហើយ​យក​បទ​ពិសោធន៏​អំពី​ការពន្យល់​ទាំង​នោះ​មក​ធ្វើ​ការ​សិក្សា​​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ។​

ចំពោះ​សិស្ស​ដែល​មិន​សូវ​យល់​ដឹង​អំពី​មេរៀន​ដែល​ខ្លួន​បាន​ត្រង់​ត្រាប់​ស្តាប់​ពី​គ្រូ​នោះ ជួន​កាល​ពួក​គេ​ក៏​មាន​គំនិត​ប្រមូល​ផ្តុំ​មិត្ត​ភ័ក្រ្ត​រួម​ថ្នាក់​ដែល​ពូ​កែមក​ជួប​ជុំ​គ្នា​​ធ្វើ​ការពិ​ភាក្សា​និង​ដោះ​ស្រាយ​ចម្ងល់​ដែល​ខ្លួន​មាន​កន្លង​មក ក្នុង​ករណីការ​ដោះ​ស្រាយ​ពី​មិត្ត​រួម​ថ្នាក់​មិន​ចេញ​ ទើប​ពួក​គេ​នាំ​យក​សំណួរ​នោះ​ទៅ​សួរ​លោក​គ្រូ អ្នក​គ្រូ​របស់​គេ​អោយ​ជួយ​ដោះ​ស្រាយ។ ការ​បញ្ជាក់​នូវ​ចំណុច​តូច​ខាង​លើ​នេះ សរ​បញ្ជាក់​ថា​ ផល​ប្រយោជន៏​នៃ​ការ​សិក្សា​ជា​ក្រុមពិត​ជា​ទទួល​បាន​ផល​ប្រយោជន៏​ពិត​មែន។


២. ការវិវឌ្ឍន៏ពីគ្រូមជ្ឈមណ្ឌលទៅជាសិស្សមជ្ឈមណ្ឌលនៅកម្ពុជា
ការវិវឌ្ឍន៏ពីគ្រូ​មជ្ឈមណ្ឌល ទៅ​ជាសិស្ស​មជ្ឈមណ្ឌល គឺចាប់​ផ្តើម​ពី​មជ្ឈមណ្ឌល​ភាសា​អូស្រ្តាលី​​​មាន​​វត្ត្តមាន​នៅក្នុង​សម័យ​​កាល​រដ្ឋ​កម្ពុជា ដែល​បាន​ចាប់​កំណើត​នៅ​ឆ្នាំ១៩.. ហើយក៏​ជា​ដំណាក់​កាល​​វិវឌ្ឍន៏ពីរដ្ឋា​ភិបាល​សាធារណះ​រដ្ឋកម្ពុជា ដែល​ដឹកនាំ​ដោយ ឥស្សរជនបីរូប គឺ សម្តេច ហេង សំរិន, សម្តេច ជា ស៊ីម, និង​សម្តេច ហ៊ុន សែន មកជារដ្ឋ​កម្ពុជា​វិញ។ មជ្ឈមណ្ឌលអូស្រ្តាលី ហៅកាត់ថា A.C.E. Australia Centre of Education ដែល​មាន​ទីតាំងដំបូងបំផុត​នៅ​រាជធានីភ្នំពេញនៅ​ឆ្នាំ១៩.. រួចមក​ក៏​បង្រីក​សាខា​របស់​ខ្លួនទៅ​តាម​ខេត្ត​ក្រុង​មួយចំនួនក្នុង​ផ្ទៃ​ប្រទេស​កម្ពុជា។

បច្ចេកទេស​ថ្មី​ដែល​មជ្ឈមណ្ឌ​ល​អូស្ត្រាលីបាន​នាំ​មក​ប្រ​ទេស​កម្ពុជា​នោះ គឺវិធី​បណ្តុះ​បណ្តាល​អក្សរ​សាស្ត្រ​អង់គ្លេស​តាម​បែប​សិស្ស​មជ្ឈមណ្ឌល។ វិធីសាស្រ្ត​ថ្មីនេះ មិនត្រឹមតែ​មាន​នៅ​ក្នុង​មជ្ឈម A.C.E ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វា​ក៏​មាន​នៅតាម​បណ្តាល​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​​មួយ​ចំនួន​ ដែលនៅ​ពេល​នោះ​ពួក​គេមក​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរកំពុង តែ​ស្ថិត​ក្នុង​ដំណាក់​កាល​អន្តរកាល ពួក​គេ​ថែម​ទាំង​ជួយ​បណ្តុះ​បណ្តាលភាសា​អង់​គ្លេស​ដល់​កូន​ខ្មែរ​ឥត​គិត​ថ្លៃ​ផង​ដែរ។

ការ​ទទួល​យក​នូវ​បច្ចេក​វិទ្យា​ថ្មី​អំពី​វិធី​សាស្រ្ត​បង្រៀនអក្សរ​សាស្រ្ត​អង់គ្លេសដល់​អ្នក​សិក្សាខ្មែរ ត្រូវ​បាន​ជ្រួត​ជ្រាប​យ៉ាង​​ឆាប់​រហ័ស ហើយ​វា​ក៏​ជា​ការ​ចម្លែកផង​ដែរ​សំរាប់​កូនខ្មែរ​ទាំងឡាយ​ដែល​បាន​សិស្សាតាម​វិធី​ទំនើបថ្មី​នេះ គឺ​ពួក​គេ​ចំណាយ​ពេល​វេលា​សិស្សា​រយះ​ពេល​ខ្លី តែ​ពួក​គេ​ទទួល​បាន​លទ្ធផលល្អ ខុស​ពី​កាល​ពី​មុនមាន​អ្នក​ខ្លះ​ចំណាយ​ការ​សិក្សា​លើ​ផ្នែក​ភាសា​អង់​គ្លេសពី ៥ ទៅ ៧ ឆ្នាំ តែ​លទ្ធផល​ទទួល​បាន​យឺត។ ម្យ៉ាង​វិញ​ទៀត អ្នក​ដែល​សិក្សា​តាម​វិធី​ចាស់ ចំណេះ​ដឹង​ផ្នែក​និយាយ (Speaking Skills) គឺទទួលបាន​កំរិត​ទាប ពួក​គេ​អាច​សរសេរ​បាន​ល្អ​ប្រសើរ តែ​ពួក​គេពិបាក​ក្នុង​ការ​និយាយ និង​ការ​ស្តាប់​ពីជនជាតិ​ដ​ទៃនៅ​ពេល​ពួក​ទាំង​នោះ​សន្ទនា​ជា​មួយ​ពួក​គេ។

៣. ការ​គ្រប់​គ្រង​ថ្នាក់ៈ
មុន​និង​ឈាន​ចូល​ដល់​ការ​បែង​ចែក​សិស្ស​អោយ​ធ្វើ​ជា​ដៃ​គូរ​ ឬ​ជា​ក្រុម ការ​គ្រប់​គ្រង​ថ្នាក់​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ វាមាន​ប្រព័ន្ធ​ប្រ​ទាក់​ក្រឡាក្នា ដើម្បី​អោយ​ការ​ធ្វើ​ជា​ដៃ​គូ ឬ​​ជា​ក្រុម​ទទួល​បាន​ជោគ​ជ័យ ព្រោះ​ការគ្រប់​គ្រង​ថ្នាក់​អោយ​បាន​ល្អ​តាម​បែប​វិទ្យា​សាស្រ្ត គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​មុន​នឹង​ឈាន​ចូល​ដល់​ដំណាក់​កាល​បង្រៀន​សិស្ស។ ម្យ៉ាង​វិញ​ទៀត លោកគ្រូ អ្នក​គ្រូ​ ដែលមាន​សមត្ថភាព​គ្រប់​គ្រង​ថ្នាក់​បាន​ល្អ គាត់​ងាយ​ស្រួល​ក្នុង​ការ​ចាត់​អោយ​សិស្ស​របស់​គាត់អនុវត្ត​តាម​ជំហ៊ាន​មេ​រៀន​របស់​គាត់យ៉ាង​មាន​ប្រសិទ្ធិភាព។ យ៉ាង​ណាម៉ិញ ការ​បង្រៀន​របស់​គាត់​ទទួល​ជោគ​ជ័យ​បានកំរិត​ខ្ពស់បាន លុះ​ត្រា​ការ​គ្រប់​គ្រង​ថ្នាក់​របស់​គាត់បាន​ល្អ។

៣​.១. សិក្សាអំពីសិស្សខ្សោយ និងសិស្សមិនចង់រៀន
នៅក្នុង​ថ្នាក់​មួយ សិស្សមាន​ចម្រុះទាំងសិស្ស​ពូ​កែនិង​ព្យាយាម សិស្សមធ្យម និង​សិស្សខ្សោយ។​ ជាងនេះ​ទៅ​ទៀត​ក្នុង​ចំណោម​សិស្ស​​ទាំង​នោះក៏មាន​ប្រភេទ​សិស្ស​ដែល​មិន​ចូល​ចិត្ត​ធ្វើ​តាម​ការ​ណែ​នាំ​របស់​គ្រូផង​ដែរ ព្រោះ​ពួក​គេ​មក​សិក្សា​តាម​ការ​បង្ខំ​របស់​មាតាបិតា​របស់​គេ ដូច្នេះ​ពួក​គេ​មក​សា​លា​គឺ​គ្រាន់​តែ​ជា​ការបំពេញ​កាតព្វកិច្ច​ជាសិស្សតែ​ប៉ុណ្ណោះ។

ក្នុងនាម​ជាគ្រូ​ប្រចាំ​ថ្នាក់ លោកគ្រូ អ្នក​គ្រូ​ គួរ​តែ​សិក្សា​ចំណុច​នេះ​អោយ​បាន​ល្អិតនៅ​ពេល​ចាប់​ផ្តើម​បង្រៀន​នៅ​ថ្ងៃ​ដំបូង ហើយ​យើង​ក៏​គួរ​តែ​សិក្សាពីពួក​គេ​អោយ​បាន​ច្រើន ជា​ពិសេស​គឺ​ជៀស​វាង​ការ​បង្កអោយ​មាន​ចំណុច​អវិជ្ជមាន​ច្រើន បាន​ន័យ​ថា នៅ​ពេល​ដែល​យើង​ដឹង​ថា​មាន​សិស្ស​មួយ​ចំនួន​មិន​ទាន់​យល់​ចិត្ត​ ឬ​ពេញ​ចិត្ត​ការ​បង្រៀន​របស់​លោកគ្រូ​ អ្នកគ្រូ​លើក​ដំបូងនោះ យើង​ត្រូវ​ព្យា​យាម​រក​វិធី​លើក​ទឹក​ចិត្តដល់​សិស្ស​មួយ​ក្តាប់​តូច​នោះ (មិនមែនលន់តួរអង្វរយកចិត្តទេ) គឺ​យើង​ព្យាយាម​រក​ចំណុច​ខ្សោយ​របស់​សិស្ស ហើយព្យាយាមធ្វើយ៉ាងណាអោយពួក​គេ​ដឹង​ថា​យើង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​គេ​ជា​ពិសេស​គឺ​យើង​មិន​មែន​ជា​អ្នក​បោះ​បង់​អោយ​ពួក​គេ​ឯកោ​នោះ​ទេ។ ឧទាហរណ៏ៈ សិស្ស ក គឺជាប្រភេទ​សិស្សខ្ជិល​មិនយក​ចិត្ត​ទុកដាក់ គាត់​តែង​តែ​រំខាន​ដល់​សិស្ស​ដទៃ​ទៀត​នៅ​ពេល​កំពុង​សិក្សា។ តើ​យើង​គ្រប់​គ្រង​គាត់​តាម​វិធី​ណា​បើ​គាត់​ជា​សិស្ស​មិន​ចូល​ចិត្ត​រៀន​នោះ?

ដើម្បី​ស្វែងរក​ហេតុផល​ដែលសិស្ស​ទាំង​នោះ​មិន​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ ឬតែង​តែ​បង្ក​បញ្ហា​នៅ​ពេល​ដែល​យើង​កំពុង​បង្រៀន​ពួក​គេ។ យើងគួរ​បង្កើត​សំណួរមួយ​ចំនួន​ដើម្បីស្វែង​រក​ពី​ឬស​គល់​នៃ​ហេតុ​ទាំង​នោះ ដើម្បី​យើង​មាន​មូលដ្ឋាន​ក្នុង​ការ​ដោះ​ស្រាយនៅ​ចំពោះ​មុខ។ ខាង​ក្រោម​នេះ​ជា​សំណួរឧ​ទាហរណ៏សំរាប់ស្វែង​រក​ប្រភព​បញ្ហា​របស់​សិស្ស៖
  • ហេតុអ្វីបាន​ជា​សិស្ស​នេះ​មិន​ចង់​រៀន? (មកពីរៀនមិនទាន់)
  • ហេតុអ្វី​បាន​ជា​រៀន​មិន​ទាន់? (ចំណេះដឹងអក្សរសាស្រ្តមូលដ្ឋានរបស់គាត់​ខ្សោយ)
  • ហេតុអ្វីបានជាចំណេះមូលដ្ឋានខ្សោយ? (គ្រូ​មុន​​បង្រៀន​មិន​យក​ចិត្ត​ទុក​ដាក់ ឬឈឺ​ច្រើន​កាល​ពី​ថ្នាក់​មុន ឬឈប់​ច្រើន​កាល​ពី​ថ្នាក់​មុន ឬមានបញ្ហាផ្សេងៗទៀត...)

ក្រោយពីសិក្សា​បញ្ហា​ឃើញ​ហើយ ពេល​នោះ​អ្នក​គ្រូ​ អ្នក​គ្រូពិត​ជា​មាន​មូល​ដ្ឋាន​ក្នុង​ការរិះ​រក​វិធី​ដើម្បី​ជួយ​ដល់​សិស្ស​នោះ ក្នុង​ស្ថាន​ភាពដែល​អ្នក​គ្រូ​ លោក​គ្រូ​គិត​ថា សិស្ស​នេះ​អាច​បណ្តុះ​បណ្តាល​បាន​ប្រ​សិន​បើ​គាត់យក​ចិត្ត​ទុក​ដាក់​រៀន។ ចំណុច​ពិសេសគឺ តើ​លោក​គ្រូ អ្នក​គ្រូ​រក​យុទ្ធ​សាស្រ្ត​ណា​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​ដែល​យើង​រក​ឃើញនោះ។ សូម​បញ្ជាក់​ថា ជាទូទៅ​ចំពោះ​សិស្ស​ដែល​ទៅ​រៀន​ហើយ​ពួក​គេ​យល់​មេ​រៀន​ដែល​យើង​បាន​ពន្យល់​នោះ ពួក​គេ​ពិត​​ជា​ចង់​សិក្សា ហើយ​ពួក​គេ​ពិត​ជា​មាន​សកម្មភាពក្នុង​ថ្នាក់​ដូច​ជា​ការពិភាក្សាអំពី​មេរៀន ការចែក​រំលែក​ចំណេះដឹង ​និងមាន​សកម្មភាពរស់រវើក​ពេលពួក​គេ​ពិភាក្សា​ជា​ក្រុម​ឬជាដៃគូ។

៣.២. ការ​កំណត់​លំហាត់ ឬ​សំណួរ
យើង​អាច​លើក​ទឹក​ចិត្ត​សិស្ស​ដែល​ខ្សោយ ឬ​មិន​ចង់​សិក្សានៅ​ពេល​យើង​រក​ឃើញ​មូល​ហេតុ​របស់​ពួកគេតាម​រយះ​បង្កើត​លំហាត់​ជា​បី​ប្រភេទ (ក្នុង​មេរៀន​តែ​មួយ) គឺ​លំ​ហាត់​កំរិត​ស្រួល លំហាត់​កំរិត​មធ្យម និង​លំហាត់​កំរិត​ខ្ពស់។ លំហាត់​ទាំង​៣​កំរិត​នោះ​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​សួរ​ទៅ​សិស្ស​របស់​យើង​ទៅ​តាម​កំរិត​សិស្ស​ដូច​គ្នា ជា​ពិសេស​គឺ​សិស្ស​កំរិត​ខ្សោយ​ហើយ​គាត់​មិន​សូវ​បាន​ទ់ទួល​ការ​សរសើរ​ពី​ការ​ធ្វើ​លំហាត់​បាន​ត្រូវ។​ ខាង​ក្រោមនេះជា​ឧទាហរណ៏សំរាប់​កំណត់​ទៅ​តាម​សិស្សទាំង​៣​កំរិត។
  • រំលឹក​មេរៀន​ដែល​ទាក់​ទង​ទៅ​នឹង​មេ​រៀន​ដែល​កំពុង​រៀន​ដល់​សិស្ស​ខ្សោយ (សិស្ស​ខ្ល៉ាំង​មិន​ដឹង​ថា​យើង​កំពុង​ជួយ​ដល់​សិស្ស​ខ្សោយ​នោះ​ទេ)។
  • លើក​យក​ឧ​ទាហរណ៏​៣​កំរិត​ខុស​ៗ​ពី​គ្នា​សំរាប់សិស្ស​ទាំង​៣​ប្រភេទ។
  • ហៅសិស្ស​ដែល​ខ្ល៉ាំង​ឆ្លើយ ឬ​បក​ស្រាយ​សំណួរ​កំរិត​ខ្ពស់ សិស្ស​មធ្យម​សំរាប់សំណួរកំរិត​មធ្យម សិស្ស​ខ្សោយសំ​រាប់​សំណួរ​កំរិត​ទាប។

សូម​បញ្ជាក់ថាៈ ការដាក់​សំណួរ​ទាំង​៣​កំរិត​ដល់​សិស្ស​ទាំង​នោះ​ធ្វើ​ គឺ​មិន​ត្រូវ​អោយ​សិស្ស​ទាំង​៣​ប្រភេទដឹង​ថា​ខ្លួន​ធ្វើ​កំរិតខ្ពស់ កំរិត​មធ្យម ឬ​កំរិត​ទាប​នោះ​ទេ ព្រោះ​វា​អាច​អោយ​សិស្ស​ធ្វើ​កំរិត​ទាប​មាន​ការ​ខ្មាស់​ដល់​សិស្ស​កំរិត​ខ្ពស់ គឺ​ធ្វើ​យ៉ាង​ណា​អោយ​គេ​យល់​ឃើញ​ថា​ ការ​ធ្វើ​សំណួរ​គឺមាន​កំរិត​ដូច​គ្នា​គ្រាន់​តែ​គេ​ចាប់​បានសំណួរ ឬ​លោក​គ្រូ​ អ្នក​គ្រូ​របស់​គេ​កំណត់​អោយ​ប៉ុណ្ណោះ។​

៣.៣. ការ​លើក​ទឹក​ចិត្ត
ក្រោយ​ពីដាក់​លំហាត់​អោយ​សិស្ស​បក​ស្រាយ​ហើយ ចំពោះ​សិស្ស​ដែល​ខ្សោយនោះ យើង​ត្រូវ​តែ​លើក​សរសើរ​ចំពោះ​មុខ​សិស្ស​ក្នុង​ថ្នាក់​ដូច​ជា​សិស្ស​ពូ​កែ​ និង​សិស្ស​មធ្យម​ដែរ។ ការ​លើក​ទឹក​ចិត្ត​បែប​នេះ គឺ​ជម្រុញ​អោយ​សិស្ស​ខ្សោយ​​ឬ​សិស្ស​មិន​ចង់​សិស្សា​នោះ​ បែរ​ជា​ងាក​មក​រក​ការ​សិស្សា​ជា​សន្សឹម​ៗ ទោះ​បី​ការ​ព្យាយាម​របស់​គេ​មិនទាន់​មាន​ការ​ជាប់​លាប់​ក៏​ដោយ។ ទន្ទឹង​នឹង​នេះ យើង​គួរ​តែ​ចំណាយ​កម្លាំងកាយ​ និង​កម្លាំង​ចិត្ត​ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​សិស្ស​ខ្សោយ ឬ​មិន​ចង់​រៀន​នោះ​បន្ថែម​ទៀតរហូត​ដល់​ក្លាយ​ទៅ​ជា​ទម្លាប់​របស់​ពួក​ពី​ការ​ខ្ជិល​ច្រអូស​មក​ការចូល​ចិត្ត​សិក្សា​វិញ។

៤. វិធីជំរុញអោយសិស្សធ្វើជាដៃគូរ
ក្រៅ​ពី​ការគ្រប់​គ្រង​ថ្នាក់​ដូច​បាន​លើក​ជា​ឧទាហរណ៏​ខាង​លើ លោកគ្រូ​អ្នក​គ្រូគួរ​តែយក​ចិត្ត​ទុក​ដាក់​ដល់​ការ​ជំរុញ​អោយ​សិស្ស​ធ្វើ​កិច្ច​ការ​ជា​ដៃ​គូ​ក្នុង​ថ្នាក់ បន្ទាប់​ពីការ​បង្រៀន និង​ពន្យល់​អោយ​សិស្ស​ស្តាប់​រួច​មក ធ្វើ​យ់ាង​នេះ​គឺ​ក្នុង​បំណង​ចង់​អោយ​សិស្សយក​នូវ​ចំណេះ​ដឹង​ដែល​ពួក​គេ​ទទួល​ការ​បង្រៀន​ និង​ពន្យល់​ពីលោក​គ្រូ​ អ្នក​គ្រូថ្មីៗនោះមក​ពិភាក្សាជា​ដៃគូ រិះ​រក​ចំណុច​ត្រូវ បាន​ន័យ​ថា​ពួក​គេ​អាច​ចែក​រំលែក​នូវ​សមត្ថភាព​យល់​ដឹង​ដែល​ទើប​តែ​ទទួល​បាន​ពីគ្រូ​មកគិតគូរ​ធ្វើ​លំហាត់​ដើម្បី​ប្រកួត​ប្រជែង​ជាមួយនិង​គូរដទៃ​ទៀត។ ការ​ដាក់​អោយ​សិស្ស​ធ្វើ​ជា​ដៃ​គូរ យើង​មិន​ត្រូវ​ភ្លេច​ចំណុចមួយ​គឺ​ការ​កំណត់​អោយ​បាន​ត្រឹម​ត្រូវថា​តើ​លំហាត់​នោះសមស្រប​ដាក់​អោយ​សិស្ស​ធ្វើ​ជា​ដៃគូឬអត់។ ឧទាហរណ៏ៈ នៅក្នុង​លំហាត់ គេ​ទៀមទារ​អោយ​មានការ​ពិចារណា​និង​ពិភាក្សា​ជា​ដៃ​គូរតាម​របៀប​លំហាត់ របៀបសន្ទនា របៀបពិភាក្សា ទើប​ការ​ចាត់​ចែង​របស់​យើង​មាន​ប្រសិទ្ធិភាព និង​ចំគោល​ដៅរបស់​មេ​រៀន។

៤.១.មុន​ពេលអោយ​សិស្ស​ធ្វើ​ជា​ដៃ​គូ
ជា​ធម្មតាសិស្ស​មិន​ដឹង​ថា​យើង​ចង់​អោយ​ពួក​គេ​ធ្វើ​អ្វី​នោះ​ឡើយ ជា​ពិសេសបន្ទាប់​ពី​ការ​ពន្យល់​របស់​គ្រូ​បាន​បញ្ចប់​និង​ត្រៀម​អោយ​ពួក​គេ​អនុវត្ត​លំហាត់នៅ​ក្នុង​សៀវភៅ​មេរៀន ឬក៏​លំហាត់​ដែល​គ្រូបានត្រៀម​រៀបចំទុក​ជាមុនសំរាប់​សិស្ស​អនុវត្តនោះ។ លោកគ្រូ អ្នក​គ្រូគួរ​តែ​រៀប​ចំ​ជំហានៗ​សំរាប់​អោយ​សិស្ស​អនុវត្ត​ជា​ដៃ​គូរដូច​ខាង​ក្រោម៖
  • ផ្គូរផ្គងសិស្ស​ជា​ដៃគូតាម​រយៈចាប់​ឆ្នោត ការរាប់លេខរួច​អោយ​សិស្ស​ដែល​មាន​លេខ​ដូច​គ្នា​ចាប់​ជា​ដៃ​គូរ ការដាក់​ឈ្មោះ​ជា​ឈ្មោះ​សត្វ​មួយ​គូៗ រួច​អោយ​ពួក​គេ​ឡើង​ឈរ​រកគ្នា​ជា​ដៃគូ​ ។ល។
  • ពិនិត្យ​តើ​សិស្ស​ទាំង​នោះ​រកឃើញ​ដៃ​គូអស់​អស់​ឬ​នៅ។
  • ចំពោះថ្នាក់​ដែល​មាន​ចំនួន​សិស្ស​នៅ​សេស (នៅសល់​ម្នាក់្ត) យើង​អាច​អោយ​គូរណាមួយ​ធ្វើ​ជា​ក្រុម​តែ​ម្តង។
  • សរសេរ​នូវ​គោល​បំណង​របស់​គ្រូ​ដែល​ចង់​អោយ​សិស្ស​អនុវត្តអោយ​បាន​ច្បាស់​លាស់ ឬប្រាប់​ដោយ​មាត់​ផ្ទាល់។
  • ពិនិត្យ​តើ​សិស្ស​យល់​ពី​គោល​បំណង​របស់​យើង​ច្បាស់​លាស់​ហើយ​ឬនៅ បើ​មិន​ទាន់​យល់ត្រូវ​តែ​ពន្យល់​អោយ​ច្បាស់។

៤.២.ក្នុងពេល​សិស្សកំពុង​ធ្វើ​ដៃគូ
ក្រោយពីពិនិត្យឃើញ​ថា ការ​កំណត់លំហាត់​របស់​យើង​​ត្រូវ​បាន​សិស្ស​យល់​ច្បាស់​លាស់​អស់​ហើយ លោកគ្រូ អ្នក​គ្រូ​គួរអនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖
  • សិក្សា​អំពីលំហាត់​តើ​សមស្រប​និង​អោយ​សិសុ្ស​ធ្វើ​ជាដៃគូរ​ ជា​ក្រុម​ ឬតែឯង។
  • កំណត់​ពេល​វេលា​អោយ​សិស្ស​ធ្វើ​លំហាត់។
  • ដើរ​ត្រួត​ពិនិត្យ​សិស្ស​កំពុង​ពិភាក្សា​គ្នា​ធ្វើ​លំហាត់ និង​ត្រៀម​ខ្លួន​ជួយ​ដល់​សិស្ស​ពេក​ពួក​គេ​ត្រូវ​ការ​ការ​ពន្យល់ពី​យើង។
  • ប្រើ​ពាក្យ​លើក​ទឹក​ចិត្ត​ដល់​សិស្ស​កំពុង​ពិភាក្សា​គ្នានៅ​ពេល​ឃើញថា​គេមាន​កំហុស​ មិន​ត្រូវ​បង្អាប់​សិស្សទេ។
  • ដាស់​តឿន​សិស្ស​ដែល​មិន​ចូល​រួម​ពិភាក្សា ធ្វើ​យ៉ាងណា​អោយ​គេ​ចូល​រួម​ជា​គំនិត​ទោះតិចឬ​ច្រើន​ក្តី។
  • មិន​ត្រូវ​បង្ហាញ​អោយ​សិស្ស​ឃើញនូវ​ទង្វើ​របស់​គ្រូ​ថា យើង​មិន​យក​ចិត្ត​ទុក​ដាក់ដល់​កិច្ច​ការ​ដែល​យើង​អោយ​ពួក​គេ​កំពុង​ធ្វើ (សិស្ស​អាច​អស់​ទឹក​ចិត្ត​នៅ​ពេល​ដឹង​ថា​យើង​ដាក់​លំហាត់​ដើម្បី​យក​ពេល​សំរាក)។
  • ត្រៀម​លក្ខណះ​ជានិច្ច​ ដោយ​កត់​ត្រា​នូវ​ទង្វើ​របស់​សិស្ស​មិន​ចូល​រួម​សកម្មភាព​ពិភាក្សាជាមួ​យ​ដៃ​គូរ​បស់​ខ្លួន។
  • មិន​គួរ​អោយ​ពិន្ទុ​ដល់​សិស្សមិន​សូវ​មាន​សកម្មភាព​ស្មើ​និង​សិស្ស​មាន​សកម្មភាព​សកម្ម

៤.៣.ក្រោយ​ពេល​សិស្ស​ធ្វើ​ជា​ដៃ​គូ
បន្ទាប់​ពី​កម្មភាពធ្វើ​ជា​ដៃ​គូ​បាន​ចប់​សព្វ​គ្រប់ហើយ​នោះ លោកគ្រូ​ អ្នក​គ្រូ មិន​គួរ​ផ្តល់​នូវ​ចម្លើយ​ដល់​សិស្ស​ភ្លាម​ៗ​នោះ​ទេ គឺគួរ​តែពិនិត្យលទ្ធផល​លំហាត់​របស់​សិស្ស​តាមរយះ​ការ​ជ្រើស​រើស​គូ​មួយ​ចំនួន ដែល​ពិ​មុន​យើង​មិន​ទាន់​បានហៅ​​អោយ​ឡើង​បក​ស្រាយ​ចំពោះ​ថ្នាក់ទាំងមូល (កុំអោយ​ច្រណែនគ្នា)។
  • ជ្រើស​រើស​គូ​ដែល​មិន​ធ្លាប់​បាន​​ឡើង​បក​ស្រាយ​ចម្លើយ​កាល​ពី​លើក​មុន។
  • មិន​ត្រូវ​ប្រាប់​ចម្លើយ​ថា​ត្រូវ​នៅ​ពេល​ដៃគូណាមួយ​នោះបាន​ឆ្លើយ​ត្រូវ។
  • បន្ត​ហៅ​គូផ្សេង​ទៀត​រហូត​ដល់​អ់​ស់ចំនួន​ដែល​យើង​កំណត់​ប៉ុន្មានគូ​ទុក​ជា​មុន។
  • ប្រាប់​ចម្លើយដល់​គូរ​ទាំង​អស់ និង​លើក​ទឹក​ចិត្ត​ដល់​គូដែល​ធ្វើ​លំហាត់​បាន​ត្រឹមត្រូវ។
  • សរសេរ​ចម្លើយ​លើក​ក្តារ​ខៀន និង​ពន្យល់​អំពី​មូលហេតុ​នៃ​កំហុស​របស់​សិស្ស។
  • ទុកពេល​អោយ​សិស្ស​ចម្លង​ចំណុច​នៃ​លំហាត់​ត្រូវ​ដែល​ទើប​និង​កែ​ជា​រួម។


៥. វិធីជំរុញអោយសិស្សពិភាក្សាជាក្រុម
តើ​ការ​ជម្រុញអោយ​សិស្សធ្វើ​ការ​ជាក្រុមមាន​អត្ថ​ប្រយោជន៏​អ្វីខ្លះ? តើលោកគ្រូ អ្នក​គ្រូ​ត្រូវ​រៀប​ចំ​កិច្ចការ​នេះ​ដោយ​វិធី​ណា​ដើម្បី​​ទទួល​បាន​ជោគ​ជ័យ?​ ជា​ការ​ពិត​ណាស់ ការអនុវត្តកិច្ចការ​អ្វី​មួយ​ដែល​គ្មាន​ផែន​ការរៀបចំទុក​ជាមុន​នោះ​ទេ ពិត​ជា​មិនទទួលបាន​លទ្ធផលជា​ផ្លែ​ផ្កា​នោះ​ទេ ការ​ទទួល​ផល​ល្អ​ដោយ​គ្មាន​គ្រោង​ទុក​គឺ​ជា​លទ្ធផល​ដោយ​ចៃ​ដន្យ ឬជា​សំណាង​ព្រោះវា​គ្មានភាព​ជាក់​លាក់ និងមើល​ឃើញ​នូវភាព​ជោគ​ជ័យ​ដែល​បាន​រំ​ពឹង​ទុកនោះ​ឡើយ។ ដើម្បី​អោយ​ការ​អនុវត្ត​របស់​យើង​ទទួល​បាន​តាម​ការ​រំពឹង​ទុក​នោះ យើង​ត្រូវ​មាន​ផែនការ​និងចំណាត់ការ​ពីជំហានមួយ​ទៅ​ជំហាន​មួយ​យ៉ាង​ជាក់​លាក់​ទៅ​តាម​ផែនការ​ដែល​យើង​បាន​គូស​វាស​ទុក​ជា​ស្រេច។